
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11012 នាក់
ម្សិលមិញ 10010 នាក់
សរុប 19982048 នាក់
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា បានទទួលជួបនិងពិភាក្សាការងារជាមួយ លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក នៅវិមានសន្តិភាព។
មុនមកស្រុកខ្មែរលោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) អាមេរិកត្រូវបានដឹងថា ធ្លាប់បានជួបពិភាក្សាតាមទូរសព្ទជាមួយ សម្តេចធិបតីហ៊ុនម៉ាណែត ម្ដងរួចមកហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កម្ពុជា និង FBI បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន និងសម្រាប់កម្ពុជាជាមួយសហរដ្ឋអាមេរិក។
នៅក្នុងជំនួបផ្ទាល់លោក Kash Patel បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយ FBI នាពេលកន្លងមក និងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែង និងប្រតិបត្តិការរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
នាយក FBI បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយឡើយ ។ ក្នុងន័យនេះ, លោកបានសង្កត់ធ្ងន់ថា គន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះ គឺការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ជំនួសឱ្យការដាក់បន្ទុកឱ្យគ្នាទៅវិញទៅមក។
លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាម៉េរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការគាំទ្រ និងធ្វើការជាដៃគូ ជាមួយស្ថាប័នអនុវត្តច្បាប់របស់កម្ពុជា ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។
សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ, ការពារជាតិ និងសន្តិសុខ ជាដើម។ សម្តេចធិបតីបានបញ្ជាក់ថា ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងវិស័យសន្តិសុខ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សម្តេចធិបតីបានជម្រាបបន្ថែមថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកញ្ញា ឆ្នាំ២០២៦ ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមតំបន់ និងសកលលោកនេះ។ ជាមួយគ្នានេះ, សម្តេចធិបតីបានថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ចំពោះកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព ដល់មន្ត្រីអនុវត្តច្បាប់របស់កម្ពុជា នាពេលកន្លងមក។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៥កក្កដាលោកស្រី Aleks Zittle ភារធារីប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ ក៏ទទួលបានការសន្យាពីលោកទេសរដ្ឋមន្ត្រីឆៃស៊ីណារិទ្ធដែលទទួលបន្ទុកបេសកកម្មបង្ក្រាបបទល្មើសឆបោកតាមអនឡាញស្តីពីការបន្តសហការជាមួយសមត្តកិច្ចអាមេរិកលើបញ្ហាបន្តបង្ក្រាបបទល្មើសតាមអនឡាញនៅកម្ពុជាផងដែរ។ឯបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាក៏បានប្រកាសពីការផ្តល់អាទិភាពក្នុងបេសកកម្មការទូតលោកនៅកម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញផងដែរ។
សូមបញ្ជាក់ថាកន្លងមករដ្ឋបាលអាមេរិកបានប្រកាសដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាមួយចំនួយននិងតាមចាប់ជនបរទេសដែលប្រើទឹកដីកម្ពុជាធ្វើសកម្មភាពឆបោកតាមអនឡាញជាច្រើននាក់ផងដែរ។តែមេក្លោងមួយចំនួនត្រូវបានសមត្តកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនឲ្យចិនទៅវិញ។