
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11214 នាក់
ម្សិលមិញ 10010 នាក់
សរុប 19982250 នាក់
ខេត្តតាកែវ ៖ថ្មីៗនេះ មន្ត្រីនៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកជាសេនាធិការ ក្រុមអន្តរាគមន៍ពិសេស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករ បាក់ដៃ ខេត្តតាកែវ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថ ខេត្តតាកែវ ក្រោមការសម្របសម្រួល និងដឹកនាំផ្ទាល់ដោយលោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះទៅដល់ទីតាំងដែល បណ្ដាញរាយការណ៍ខាងលើមានចម្ងាយប្រមាណ ៧ទៅ៨ គីឡូម៉ែត្រពី មាត់ច្រកទ្វេភាគីបាក់ដៃ ខេត្តតាកែវ ដើម្បើធ្វើអនុលោមភាពទំនិញ។
ការចុះប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីបានទទួលព័ត៌មានពីបណ្ដាញសម្ងាត់ថា មានទូកដឹកទំនិញនាំចូលមកពីប្រទេសវៀតណាម តាមច្រកបាក់ដៃ ចំនួន២គ្រឿង មិនបានធ្វើការប្រកាសបំពេញបែបបទនាំចូលដល់មន្ត្រីការិយាល័យគយមាត់ច្រក ឱ្យបានត្រឹមត្រូវនៅឡើយ។
កម្លាំងមានសមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យទៅលើទូកដឹកទំនិញនាំចូលមកពីប្រទេសវៀតណាម ចំនួន២គ្រឿង និងបានរកឃើញមានទំនិញចម្រុះ ចំនួនមួយភាគធំ មិនបានប្រកាសបំពេញបែបបទនាំចូលនៅ ការិយាល័យគយនិងរដ្ឋាករ បាក់ដៃ ឱ្យបានត្រឹមត្រូវនៅឡើយ។បច្ចុប្បន្នមធ្យោបាយដឹកជញ្ជូនទាំងពីរគ្រឿងនិងទំនិញល្មើស សមត្ថកិច្ចចម្រុះបានប្រគល់ឱ្យទៅម្ចាស់ទទួលខុសត្រូវ ក្នុងការថែរក្សាទុក មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីរង់ចាំ ការសម្រចដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
សូមបញ្ជាក់ថានេះជាលើកទី២ហើយដែលកម្លាំងគយចលត័ចុះបង្ក្រាបបទល្មើសគេចពន្ធទំនិញនាំចូលពីវៀតណាមនៅក្នុងភូមិសាស្រ្តខេត្តតាកែវ។ករណីយ៍តី១កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ កម្លាំងពិសេសនៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស (គយចល័ត) នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានរកឃើញទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ទម្ងន់សរុបជាង ៣០តោនផងដែរនៅទីតាំងចំនួនពីរ ស្ថិតនៅ ក្នុងខេត្តកណ្តាល និងខេត្តតាកែវ ។
ការចុះបង្ក្រាបរបស់ នាយកដ្ឋានបង្ការនិងបង្ក្រាប បទល្មើស ខាងលើធ្វើឡើង បន្ទាប់ពី កំលាំងជំនាញ បានរកឃើញ សង្ស័យ ទីតាំង ទាំងពីខាងលើ នាំ ទំនិញ ចម្រុះគេចពន្ធ និងបង់ពន្ធមិនគ្រប់ចំនួន ជាច្រើនតោន បាន ឆ្លងដែន ចូល មកប្រទេសកម្ពុជា ច្រកព្រំដែន នានាក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ដែល ស្ថិតក្រោមការទទួលខុសត្រូវរបស់ លោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល។ ចំណែក ខេត្តតាកែវ មាន ស្ថិតក្រោមការទទួលខុសត្រូវរបស់លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្ត ។
ទីតាំងទី១ស្ថិតនៅ ក្រុងសំពៅពូន ខេត្តកណ្តាល៖ កម្លាំងគយចល័តបានរកឃើញសាច់បង្កកជាង ១៨តោន និងគ្រឿងទេសជាង ៧តោន (សរុប ២៥តោន) នៅក្នុងឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ជនជាតិចិន ស្ថិតក្នុងភូមិព្រែកស្បូវ សង្កាត់សំពៅពូន។ស្ថិតក្រោមការទទួលខុសត្រូវរបស់លោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល។ ចំណែក ទីតាំងទី២ ស្រុកអង្គរបុរី ខេត្តតាកែវ៖ មន្ត្រីគយបានត្រួតពិនិត្យឃ្លាំងស្តុកទំនិញមួយកន្លែងទៀតនៅ ក្នុងភូមិពុទ្ធ្រា ឃុំគោកធ្លក ដោយរកឃើញទំនិញចម្រុះបង់ពន្ធមិនគ្រប់ចំនួនជាង ១០តោន។ស្ថិតក្រោមការទទួលខុសត្រូវរបស់លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ ដែលការព្យាយាមហៅទូរស័ព្ទសាកសួរពីស្ថាប័នព័ត៌មានជាច្រើនដង ពុំមានអ្នកទទួលនោះឡើយ។
ប្រភពពីមន្ត្រីគយមួយរូប (សុំមិនបញ្ចេញឈ្មោះ) បានឱ្យដឹងកាលពីថ្ងៃទី៧ ខែមិថុនា ថា ការមន្ត្រីគយចល័ត ទូទាំងប្រទេស ចុះបង្ក្រាប ទីតាំងខាងលើធ្វើឡើង ដើម្បីទប់ស្កាត់ការរត់ពន្ធទំនិញ គេចពន្ធ ធ្វើឲ្យបាត់បង់ ចំណូលចូលថវិការ ជាតិ ។បច្ចុប្បន្នកម្លាំងគយចល័តកំពុងបន្តអនុវត្តនីតិវិធី ដោយតម្រូវឱ្យម្ចាស់ទំនិញចូលខ្លួនមកបង់ពន្ធ និងរងការពិនិត្យពិន័យទៅតាមច្បាប់ស្តីពីគយនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា ឆ្នាំ២០២៦ កន្លងទៅ កម្លាំងពិសេសគយចល័តក៏បានចុះបង្ក្រាបទំនិញលោតឆត្រនៅតំបន់ព្រំដែនភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ដោយឆែកឆេរឃ្លាំងធំៗចំនួនបី និងរកឃើញទំនិញគេចពន្ធជាច្រើនមុខ ក្នុងនោះរួមមានប្រេងក្លែងក្លាយជាង ២០០ធុង (ចំណុះ ២២០លីត្រក្នុងមួយធុង)។ តែប៉ុន្មានថ្ងៃបន្ទាប់ពីនោះ គយចល័តតំបន់២ ក៏បានឃាត់ខ្លួនរថយន្តសាំយ៉ុងចំនួន ១៣គ្រឿងបន្ថែមទៀត ដែលក្រុមឈ្មួញបានប្រើប្រាស់ដើម្បីលួចបន្លំផ្ទេរទំនិញពីរថយន្តធំៗយកមកដឹកជញ្ជូនបន្ត។
ពាក់ព័ន្ធនឹងករណីនេះ លោក សែ សុឃន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី៣០ ខែឧសភា ថា មន្ត្រីគយទាំងអស់ត្រូវផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងប្រមូលកម្រៃស្របតាមផ្លូវការ។ លោកបានសង្កត់ធ្ងន់ថា សាខាគយខេត្តត្រូវចាត់កម្លាំងប្រចាំការដើម្បីទប់ស្កាត់ និងបង្ក្រាបការរត់គេចពន្ធតាមច្រកព្រំដែនឱ្យខានតែបាន ចំណែកអាជីវករ និងជើងសាគយត្រូវមានកាតព្វកិច្ចបង់ពន្ធគយឱ្យបានត្រឹមត្រូវតាមប្រភេទ និងបរិមាណទំនិញជាក់ស្តែង។