
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4605 នាក់
ម្សិលមិញ 6418 នាក់
សរុប 20016772 នាក់
ភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា កម្ពុជាគួរត្រៀមខ្លួនសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៩ ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនអាចពឹងផ្អែកលើការគាំទ្រពីខាងក្រៅជារៀងរហូតបានទេ។
ថ្លែងក្នុងពិធីអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី៣ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវការចាកចេញពី LDC ដែលជាផ្នែកមួយនៃរបៀបវារៈកែទម្រង់សេដ្ឋកិច្ចរបស់កម្ពុជា។
លោកបានទទួលស្គាល់ថា ការចាកចេញពី LDC នឹងមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចក្នុងរយៈពេលខ្លី ប៉ុន្តែបានបញ្ជាក់ថា«ទោះបីការផ្លាស់ប្តូរនេះនឹងនាំមកនូវបញ្ហាមួយចំនួនដែលមិនអាចជៀសវាងបានក៏ដោយ ប៉ុន្តែវាជាជំហានដ៏សំខាន់ និងចាំបាច់ ដើម្បីឱ្យប្រទេសយើងអាចស្វែងរកឱកាសកាន់តែធំនៅលើឆាកអន្តរជាតិ និងសម្រេចបាននូវឯករាជ្យភាពសេដ្ឋកិច្ចពិតប្រាកដ»។
បច្ចុប្បន្ន កម្ពុជាទទួលបានអត្ថប្រយោជន៍ពីហិរញ្ញប្បទានអភិវឌ្ឍន៍ដែលមានលក្ខខណ្ឌអនុគ្រោះ និងការចូលទីផ្សារដោយអនុគ្រោះ រួមទាំងគម្រោងនាំចេញមិនបង់ពន្ធក្រោមប្រព័ន្ធ Generalized System of Preferences (GSP) របស់ដៃគូអភិវឌ្ឍន៍នានា។
លោកបានបញ្ជាក់ថា ការចាកចេញពីLDC នឹងធ្វើឱ្យអត្ថប្រយោជន៍ទាំងនេះត្រូវបានកាត់បន្ថយជាបណ្តើរៗ។
លោកបានមានប្រសាសន៍អំពីផលវិបាកថា«នៅពេលយើងចាកចេញពី LDC លក្ខខណ្ឌអនុគ្រោះផ្នែកពន្ធគយនឹងត្រូវបានកាត់បន្ថយ។ ដៃគូអន្តរជាតិនឹងមើលឃើញថា យើងអាចឈរលើជើងខ្លួនឯងបាន ហើយនឹងលែងផ្តល់លក្ខខណ្ឌអនុគ្រោះដូចមុន។ យើងនឹងត្រូវខ្ចីប្រាក់តាមអត្រាទីផ្សារ ឬចរចាលក្ខខណ្ឌថ្មីៗ។ ការនាំចេញរបស់យើងអាចផ្លាស់ប្តូរទៅប្រព័ន្ធដូចជា GSP Plus ប៉ុន្តែលក្ខខណ្ឌនឹងមិនដូចសព្វថ្ងៃទៀតឡើយ»។
ទោះបីមានបញ្ហាទាំងនេះក៏ដោយ លោកបានច្រានចោលការអំពាវនាវឱ្យពន្យារពេលចាកចេញពី LDC ដើម្បីរក្សាអត្ថប្រយោជន៍រយៈពេលខ្លី។
លោកបានសួរថា «តើយើងចង់បន្តពឹងផ្អែកលើអ្នកដទៃ ហើយនៅតែក្រជារៀងរហូត ឬក៏យើងព្រមប្រឈមមុខនឹងការលំបាក ដើម្បីឆ្លងផុត LDC និងពង្រឹងខ្លួនឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ពេញលេញនាពេលអនាគត?»។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែប្តេជ្ញាសម្រេចគោលដៅឆ្នាំ២០២៩ ហើយបានចំណាយពេលជាច្រើនឆ្នាំក្នុងការពង្រឹងមូលដ្ឋានគ្រឹះរបស់ប្រទេស ដើម្បីបង្កើនភាពជាម្ចាស់ និងសមត្ថភាពប្រកួតប្រជែង។
លោកបានបន្តថា«ប្រសិនបើយើងមិនហ៊ានប្រឈមនឹងបញ្ហាមួយចំនួនទេ យើងក៏មិនអាចចាប់យកឱកាសធំៗបានដែរ»។ការពង្រឹងសមត្ថភាពប្រកួតប្រជែងនឹងបង្កើតឱកាសកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និងវិបុលភាពជាតិរយៈពេលវែង។
លោកបានឱ្យដឹងថា ការរៀបចំចាកចេញពី LDC បានចាប់ផ្តើមតាំងពីមុនឆ្នាំ២០២៣ ហើយកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នក្រោម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផ្តោតលើការពង្រឹងសមត្ថភាពក្នុងស្រុក ការពង្រីកទីផ្សារ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន។
ឆ្លើយតបទៅនឹងការរិះគន់ដែលថា គោលដៅរបស់រាជរដ្ឋាភិបាលមានមហិច្ឆតាខ្ពស់ពេក លោកបានមានប្រសាសន៍ថា៖
«អ្នកខ្លះនិយាយថា គោលដៅរបស់យើងមានមហិច្ឆតាខ្លាំងពេក ហើយយើងគួរតែអៀនខ្មាស។ ខ្ញុំមិនអៀនខ្មាសទេ»។
លោកបានបន្តថា«ប្រសិនបើយើងមិនហ៊ានកំណត់គោលដៅខ្ពស់ និងខិតខំប្រឹងប្រែងសម្រេចវាទេ យើងនឹងនៅតែស្ថិតនៅកន្លែងដដែល។ ខ្ញុំមិននិយាយដោយមោទនភាពចំពោះខ្លួនឯងទេ ប៉ុន្តែដោយមោទនភាពចំពោះជាតិ និងប្រជាជនរបស់យើង។ យើងត្រូវតែឈានទៅមុខជាមួយភាពជាម្ចាស់ ទំនុកចិត្ត និងភាពធន់»។
កាលពីសប្តាហ៍មុន លោក កែវ ឈា ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងក្នុងកិច្ចប្រជុំពិសេសរួមរវាងមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) ស្តីពីការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (DPoA) ថា កម្ពុជានៅតែប្តេជ្ញាអនុវត្តកម្មវិធីនេះ និងសម្រេចឱ្យបាននូវការចាកចេញពី LDC ប្រកបដោយរលូន និងនិរន្តរភាពនៅខែធ្នូ ឆ្នាំ២០២៩។
ទាក់ទងករណីយ៍នេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដឹកនាំកិច្ចពិភាក្សាលើ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដើម្បីគាំទ្រចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងធានាការត្រៀមខ្លួនសម្រាប់ការចាកចេញពី LDC នៅឆ្នាំ២០២៩ផងដែរ។