
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10865 នាក់
ម្សិលមិញ 10010 នាក់
សរុប 19981901 នាក់
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលមួយចំនួនបន្ថែមទៀតដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន Prince Group និង Huione Group ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ និងការលាងលុយកខ្វក់។កាលពីថ្ងៃទី២៣ ខែមិថុនា ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសថា ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៩ នាក់ និងអង្គភាពចំនួន ២៦ ដែលមានទំនាក់ទំនងជាមួយអ្វីដែលខ្លួនហៅថា «អង្គការឧក្រិដ្ឋកម្មឆ្លងដែន Prince Group»។ ទណ្ឌកម្មនេះផ្តោតលើថ្នាក់ដឹកនាំដែលត្រូវបានចោទប្រកាន់ អ្នកផ្តល់ហិរញ្ញប្បទានដល់មជ្ឈមណ្ឌលឆបោក និងបណ្តាញក្រុមហ៊ុនបង្កប់ដែលប្រតិបត្តិការនៅក្នុងដែនសមត្ថកិច្ចជាច្រើន។
វិធានការនេះត្រូវបានសម្របសម្រួលជាមួយដៃគូអន្តរជាតិមួយចំនួន រួមមាន ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) ទីភ្នាក់ងារនគរបាលជាតិជប៉ុន និងទីភ្នាក់ងារស៊ើបការណ៍ហិរញ្ញវត្ថុអូស្ត្រាលី (AUSTRAC)។លោក Scott Bessent រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា «មជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍ បានលួចប្រាក់រាប់ពាន់លានដុល្លារពីជនរងគ្រោះជាជនជាតិអាមេរិកជារៀងរាល់ឆ្នាំ។ វិធានការថ្មីនេះបន្តពីទណ្ឌកម្មដែលត្រូវបានដាក់កាលពីខែតុលាឆ្នាំមុន នៅពេលដែលសហរដ្ឋអាមេរិកបានកំណត់ក្រុមហ៊ុន Prince Group ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន ដោយចោទប្រកាន់ថាបានប្រតិបត្តិការមជ្ឈមណ្ឌលឆបោក បណ្តាញលាងលុយកខ្វក់ និងគម្រោងវិនិយោគបោកប្រាស់។
យោងតាមក្រសួងរតនាគារ អាជ្ញាធរនានាជុំវិញពិភពលោកបានរឹបអូសអចលនទ្រព្យ បង្កកទ្រព្យសម្បត្តិ និងចាប់ខ្លួនមនុស្សដែលពាក់ព័ន្ធនឹងបណ្តាញដែលត្រូវបានចោទប្រកាន់នេះ។ ក្រសួងក៏បានកត់សម្គាល់ផងដែរថា ស្ថាបនិក Prince Group គឺលោក Chen Zhi ត្រូវបានចាប់ខ្លួនដកសញ្ជាតិ និងគោរមងារកម្ពុជារបស់លោកកាលពីដើមឆ្នាំនេះ។
ជាមួយគ្នានឹងទណ្ឌកម្មនេះ បណ្តាញអនុវត្តច្បាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ក្រសួងរតនាគារ (FinCEN) បានស្នើពង្រីកការរឹតបន្តឹងលើក្រុមហ៊ុន H-Pay Service Plc ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយ Huione Group ហើយត្រូវបានអាជ្ញាធរអាមេរិកចាត់ទុកថាជាបណ្តាញសំខាន់សម្រាប់លាងលុយដែលបានមកពីការឆបោកអនឡាញ និងការក្លែងបន្លំរូបិយប័ណ្ណគ្រីបតូ។
មន្ត្រីអាមេរិកប៉ាន់ប្រមាណថា ប្រជាជនអាមេរិកបានខាតបង់ប្រាក់យ៉ាងហោចណាស់ ១០ ប៊ីលានដុល្លារដោយសារប្រតិបត្តិការឆបោកដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៤ ដែលជាការកើនឡើង ៦៦ ភាគរយធៀបនឹងឆ្នាំមុន។
អ្នកនាំពាក្យក្រសួងរតនាគារបានឱ្យដឹងថា គម្រោងបោកប្រាស់ដែលពេញនិយមបំផុតមួយ គឺការវិនិយោគទ្រព្យសកម្មឌីជីថលក្លែងក្លាយ ដែលជាញឹកញាប់ត្រូវបានហៅថា «Pig Butchering Scam»ដែលក្នុងគម្រោងនេះ ឧក្រិដ្ឋជនបង្កើតទំនុកចិត្តជាមួយជនរងគ្រោះតាមរយៈទំនាក់ទំនងសង្គម មុននឹងបញ្ចុះបញ្ចូលឱ្យពួកគេវិនិយោគលើវេទិការូបិយប័ណ្ណគ្រីបតូក្លែងក្លាយ។
ទណ្ឌកម្មចុងក្រោយនេះផ្តោតលើលោក Hu Xiaowei ដែលអាជ្ញាធរអាមេរិកហៅថាជា «មេបញ្ជាការលេខពីរ» នៃអង្គការឧក្រិដ្ឋកម្មឆ្លងដែន Prince Group និងជាសហការីជិតស្និទ្ធរបស់ Chen Zhi។ លោក Hu និងសហការីមួយចំនួនទៀត ត្រូវបានដាក់ទណ្ឌកម្មរួមជាមួយបណ្តាញក្រុមហ៊ុនដែលបានចុះបញ្ជីនៅកោះ British Virgin Islands ហុងកុង សិង្ហបុរី ចក្រភពអង់គ្លេស និងដែនសមត្ថកិច្ចផ្សេងៗ។
បុគ្គលផ្សេងទៀតដែលត្រូវបានដាក់ទណ្ឌកម្ម រួមមានអ្នកវិនិយោគដែលត្រូវបានចោទប្រកាន់ថាបានផ្តល់ហិរញ្ញប្បទានដល់មជ្ឈមណ្ឌលឆបោក នាយកក្រុមហ៊ុន និងបុគ្គលដែលត្រូវបានចោទថាបានជួយសម្របសម្រួលប្រព័ន្ធទូទាត់តាមអនឡាញ និងប្រតិបត្តិការលាងលុយកខ្វក់។
ក្រសួងរតនាគារក៏បានដាក់ទណ្ឌកម្មលើ CCU Commercial Bank Plc ដោយចោទប្រកាន់ថាធនាគារនេះជាកម្មសិទ្ធិ ឬស្ថិតក្រោមការគ្រប់គ្រងរបស់លោក Chen Bo ដែលជានាយកក្រុមហ៊ុនជាច្រើនដែលធ្លាប់ត្រូវបានភ្ជាប់ទៅនឹងបណ្តាញ Prince Group។
ក្រោមទណ្ឌកម្មនេះ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ទាំងអស់របស់បុគ្គល និងអង្គភាពដែលត្រូវបានកំណត់ឈ្មោះ ហើយស្ថិតក្រោមដែនសមត្ថកិច្ចអាមេរិក នឹងត្រូវបានបង្កក។ ពលរដ្ឋ និងអាជីវកម្មអាមេរិកជាទូទៅ ត្រូវបានហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការជាមួយភាគីដែលរងទណ្ឌកម្ម ខណៈអង្គភាពបរទេសក៏អាចប្រឈមនឹងទណ្ឌកម្មផងដែរ ប្រសិនបើជួយជៀសវាងការរឹតបន្តឹងទាំងនេះ។ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសរឹបអូសគណនី Cloud Computing មួយ ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huione Group។
ឯកសារតុលាការបានចោទប្រកាន់ថា គណនីដែលត្រូវបានរឹបអូសនោះ ត្រូវបានប្រើដើម្បីគាំទ្រប្រតិបត្តិការរបស់ Huione Guarantee (ឬ Haowang Guarantee) ដែលជាវេទិកាមួយត្រូវបានចោទប្រកាន់ថាបានសម្របសម្រួលសកម្មភាពឧក្រិដ្ឋកម្មជាច្រើនតាមរយៈបណ្តាញ Telegram។ សកម្មភាពទាំងនេះរួមមាន ការលក់ទិន្នន័យកាតឥណទាន និងអត្តសញ្ញាណដែលត្រូវបានលួច ប្រាក់ចំណូលពីការលួចពាក់ព័ន្ធនឹងមេរោគកុំព្យូទ័រ ការជ្រើសរើសមនុស្សសម្រាប់គម្រោងជួញដូរមនុស្ស និងសេវាកម្មលាងលុយដែលពាក់ព័ន្ធនឹងការបោកប្រាស់ស្នេហា និងការវិនិយោគ។
វេទិកានេះក៏ត្រូវបានរាយការណ៍ថា បានផ្តល់សេវាកម្មធានាប្រតិបត្តិការ (escrow) ដើម្បីជួយឱ្យឧក្រិដ្ឋជនធ្វើប្រតិបត្តិការ រួមទាំងការលាងរូបិយប័ណ្ណគ្រីបតូ និងត្រូវបានចោទថាបានជួយផ្ទេរប្រាក់យ៉ាងច្រើនដែលត្រូវបានលួចដោយមជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍។
លោក A. Tysen Duva ជំនួយការអគ្គរដ្ឋអាជ្ញានៃផ្នែកព្រហ្មទណ្ឌរបស់ក្រសួងយុត្តិធម៌ បានថ្លែងថា៖«ការរឹបអូសនៅថ្ងៃនេះ គឺជាការវាយប្រហារមួយទៅលើទីផ្សារឧក្រិដ្ឋកម្មដ៏សកម្មបំផុតមួយរបស់ពិភពលោក។ Huione Group បានប្រើគណនី Cloud ជាផ្នែកនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យប្រាក់ចំណូលពីការក្លែងបន្លំរាប់ពាន់លានដុល្លារត្រូវបានផ្ទេរ បង្វិល និងលាក់បាំង ដែលភាគច្រើនត្រូវបានលួចតាមរយៈមជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍»។
ទន្ទឹមនឹងនេះ លោក Heith Janke ជំនួយការនាយកផ្នែកព្រហ្មទណ្ឌរបស់ FBI បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា FBI បន្តប្រើប្រាស់បណ្តាញសកលរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនដែលផ្តោតលើប្រជាជនអាមេរិក។
«ការរឹបអូសនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការរំខានគ្រប់ផ្នែកនៃប្រព័ន្ធអេកូឡូស៊ីខុសច្បាប់ និងធ្វើការជាមួយដៃគូរបស់យើង ដើម្បីទប់ស្កាត់ការក្លាយជាជនរងគ្រោះបន្ថែមទៀតពីការឆបោក»។
លោក Chheng Kimlong ប្រធាន Asian Vision Institute បានមានប្រសាសន៍ថា សកម្មភាពចុងក្រោយរបស់សហរដ្ឋអាមេរិកអាចត្រូវបានមើលឃើញថាជាការបង្ហាញ «អំណាចស្នូល» និងការផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ។
លោក គឹមឡុង បានបន្ថែមថា សហរដ្ឋអាមេរិកប្រហែលជាមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះកិច្ចខិតខំប្រឹងប្រែងថ្មីៗរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មអន្តរជាតិផ្សេងៗ។ ទោះជាយ៉ាងណា លោកបានលើកឡើងថា កម្ពុជាគួរចាត់ទុកសកម្មភាពទាំងនេះជាឱកាសមួយសម្រាប់ការកែលម្អស្ថាប័ន ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់ខ្លួន។
«កម្ពុជាគួរបន្តកែលម្អប្រព័ន្ធផ្ទៃក្នុង ស្ថាប័ន ច្បាប់ និងប្រព័ន្ធតុលាការរបស់ខ្លួន។ កិច្ចសន្ទនាជាមួយសភាតំណាងរាស្ត្រ ព្រឹទ្ធសភា ស្ថាប័នតុលាការ និងស្ថាប័នអាមេរិកផ្សេងទៀត ក៏គួរត្រូវបានពង្រីកផងដែរ។ កាលណាមានការពិភាក្សា និងការផ្លាស់ប្តូរយោបល់កាន់តែច្រើន កម្ពុជា និងសហរដ្ឋអាមេរិកនឹងយល់ដឹងពីគ្នាកាន់តែស៊ីជម្រៅ និងអភិវឌ្ឍទំនាក់ទំនងដែលមានខ្លឹមសារជាក់ស្តែងជាងមុន»។
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រទេសសមាជិកអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអន្តោប្រវេសន៍ ជាពិសេសការគំរាមកំហែងកាន់តែធ្ងន់ធ្ងរនៃការឆបោកតាមអនឡាញ។
ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី២៩ ស្តីពីកិច្ចការអន្តោប្រវេសន៍ និងកិច្ចការកុងស៊ុលរបស់អាស៊ាន កាលពីម្សិលមិញ លោកបានសង្កត់ធ្ងន់លើតម្រូវការនៃសកម្មភាពរួម និងការទទួលខុសត្រូវរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម និងបទល្មើសអន្តោប្រវេសន៍ ដោយព្រមានថា ការឆបោកតាមអនឡាញបានក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់តំបន់។