
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1837 នាក់
ម្សិលមិញ 6712 នាក់
សរុប 20269228 នាក់
ម៉ាឡេស៊ី៖ អគ្គនាយកនៃនាយកដ្ឋានជលផលម៉ាឡេស៊ី លោកដាទុអាណានហ៊ូសេន( Datuk Adnan Hussain) បានអះអាងថា ការផ្គត់ផ្គង់បង្គានៅក្នុងប្រទេសនៅតែមានកម្រិតគ្រប់គ្រាន់ ក្រោយការដាក់បម្រាមបណ្តោះអាសន្នលើការនាំចូលបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃ កាលពីថ្ងៃទី ១ ខែមិថុនា។ លោកថា សមាគមបង្គា និងកសិករក្នុងស្រុកម៉ាឡែស៊ី បានរៀបចំផែនការរួចជាស្រេច ក្នុងការបង្កើនសមត្ថភាពផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងក្នុងស្រុក និង ការនាំចេញ។
បើតាមមន្ត្រីរូបនេះ បានពន្យល់ថា ជារៀងរាល់ឆ្នាំ ម៉ាឡេស៊ីនាំចូលបង្គាប្រមាណ ១១,០០០ តោនពីប្រទេសថៃ និង នាំចេញទៅវិញប្រហែល ៣,០០០ តោន។ បម្រាមនាំចូលបណ្តោះអាសន្ននេះ នឹងជួយការពារឧស្សាហកម្មជលផលក្នុងស្រុកពីការជន់ជោរនៃផលិតផលនាំចូល ព្រមទាំងជួយពង្រឹងការគ្រប់គ្រងជីវសុវត្ថិភាព (Biosecurity) ដើម្បីធានាថាវិស័យវារីវប្បកម្មក្នុងស្រុកជៀសផុតពីជំងឺឆ្លង និងសារធាតុគីមីហាមឃាត់ផ្សេងៗ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី ១៦ ខែឧសភា២០២៦ប្រទេស ម៉ាឡេស៊ី បានរឹតបន្តឹងការត្រួតពិនិត្យលើការនាំចូលផលិតផលជលផលពីសេសបង្គាពីប្រទេសថៃ។ក្រោយការរឹតបន្តឹងនេះ ក្រសួងពាណិជ្ជកម្មថៃ បានប្រកាសតវ៉ា និងព្រមានប្តឹងម៉ាឡេស៊ី ទៅអង្គការពាណិជ្ជកម្មពិភពលោក។
សមាគមបង្គាថៃអំពាវនាវទាមទាឲ្យរដ្ឋាភិបាលថៃដោះស្រាយបញ្ហាការបិទផ្លូវនាំចេញបង្គាទៅកាន់ប្រទេសម៉ាឡេស៊ី ចាត់វិធានការជាបន្ទាន់លើបញ្ហាជំងឺបង្គា និងស្នើរដ្ឋាភិបាលថៃស្ដារឡើងវិញនូវឧស្សាហកម្មបង្គាថៃដែលធ្លាប់នាំចេញមានតម្លៃលើសពី ១០០ពាន់លានបាត ឬប្រហែល ៣ពាន់លានដុល្លាក្នុងមួយឆ្នាំមកវិញ។
បញ្ហាបង្គារបស់ប្រទេសនេះ បានចាប់ផ្តើមចេញពីប្រទេសថៃមុនដែលបានហាមឃាត់ការនាំចូលត្រីឆ្ពុងពីប្រទេសម៉ាឡេស៊ី ដោយអះអាងថាថៃបានរកឃើញសារធាតុគីមីក្នុងត្រីនោះ ទើបប្រទេសម៉ាឡេចាត់វិធានការសងសឹកថៃ ដោយហាមឃាត់ការនាំចូលបង្គាពីប្រទេសថៃចំនួន ៥ប្រភេទវិញ។
ពលរដ្ឋថៃមានការខឹងសម្បាយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលដែលដឹកនាំដោយ នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆាន់វីរៈគុល ដែលហាមឃាត់ការនាំចូលត្រីឆ្ពុងពីប្រទេសម៉ាឡេស៊ី ដែលធ្វើឲ្យម៉ាឡេស៊ី ចាត់វិធានការសងសឹកវិញភ្លាមៗដោយហាមឃាត់ការនាំចូលបង្គា ពីប្រទេសថៃដូចគ្នា ដែលបង្កឲ្យមាន ផលប៉ះពាល់យ៉ាងខ្លាំងជាពិសេសដល់អ្នកចិញ្ចឹមបង្គា។
លោក Ekapoj Yodpinit ប្រធានសមាគមបង្គាថៃ បានព្រមានថា ការនាំចេញបង្គារបស់ថៃទៅកាន់ទីផ្សារ សំខាន់ៗ បានចាប់ផ្តើមថយចុះនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ការថយចុះនេះបានកើតឡើង បើទោះបីជាបង្គាថៃមានកេរ្តិ៍ឈ្មោះល្អខាងគុណភាព រសជាតិ និងសុវត្ថិភាពខ្ពស់ក៏ដោយ។ នេះបើតាមសារព័ត៌មានថៃ THE NATION THAILAND