
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5657 នាក់
ម្សិលមិញ 6888 នាក់
សរុប 20065112 នាក់
ភ្នំពេញ៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET (ធីវេត) ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល" នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និង សង្គមស៊ីវិល បន្តជំរុញការអនុវត្តកម្ម វិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យបានគ្រប់ ១,៥ លាននាក់ នៅត្រឹមឆ្នាំ២០២៨។
សម្តេចធិបតី បានណែនាំឲ្យលើកកម្ពស់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ដោយផ្អែកលើតម្រូវការជាក់ស្តែង និង សក្តានុពលរបស់មូលដ្ឋានសាមី ដើម្បីគាំទ្រដល់យុទ្ធនាការបង្កើតការងារនៅហ្នឹងកន្លែង និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងត្រូវបន្តរៀបចំការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង វិជ្ជាជីវៈ ជូនដល់ពលករត្រឡប់មកពីប្រទេសថៃ ដើម្បីជំរុញការផ្លាស់ប្តូរជំនាញឱ្យស្របតាមតម្រូវការការងារក្នុងស្រុក ព្រមទាំងអនុវត្តការវាយតម្លៃផ្អែកលើសមត្ថ ភាពទទួលស្គាល់ជំនាញ និង ការសិក្សាដែលមានពីមុន ដោយឥតគិតថ្លៃសម្រាប់ពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ។
សម្តេចធិបតី ក៏បានបញ្ជាក់ថា " ការបណ្ដុះបណ្ដាលមិនត្រូវខំប្រឹងយកតែតួលេខ ឲ្យបាន១,៥លាននាក់នៅឆ្នាំ២០២៨នោះទេ ត្រូវប្រឹងយកគុណភាព បើមិនអាចទទួលបានការបណ្តះុបណ្តាល១,៥លាន តាមផែនការទេ បន្តក្រោយឆ្នាំ២០២៨ទៀត សំខាន់យកគុណភាពជាអាទិភាព"។ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការ ផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងវិស័យឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យុវជនយើងមួយចំនួនគិតថា TVET នេះរៀនទៅវាដូចជាថ្នាក់ទី២ កម្រិត២ មិនមែនកម្រិត១ ដូចបាក់ឌុប ឬមួយបរិញ្ញាបត្រ អត់ទេ, ទី១ ត្រូវពន្យល់គាត់ថា ការរៀន TVET នៀកមិនមែនជាស្តង់ដារកម្រិត២ទេ គឺមានតម្លៃស្មើនឹងយើងរៀនបរិញ្ញាបត្រ ឬមួយរៀនយកបាក់ឌុបដូចគ្នា កុំឲ្យមើលស្រាលលើជំនាញនេះ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្នុងចំណោមយុវជន និងប្រជាពលរដ្ឋមួយចំនួន នៅតែមានការយល់ឃើញថា ការសិក្សា TVET ជាជម្រើសទី២ ឬមានតម្លៃទាបជាងការសិក្សាថ្នាក់បាក់ឌុប និងបរិញ្ញាបត្រ។ ទោះជាយ៉ាងណា សម្ដេចបានបញ្ជាក់ថា ការយល់ឃើញបែបនេះមិនត្រឹមត្រូវនោះទេ ព្រោះការសិក្សា TVET មានស្តង់ដារ និងតម្លៃស្មើនឹងការសិក្សាថ្នាក់ឧត្តមសិក្សាដូចគ្នា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កត្តាសំខាន់មួយគឺត្រូវធ្វើឲ្យយុវជនយល់អំពីតម្លៃនៃជំនាញវិជ្ជាជីវៈ និងឱកាសដែលពួកគេទទួលបានពីការសិក្សា TVET។ រាជរដ្ឋាភិបាលបានផ្ដល់ឱកាស និងគ្រូបណ្ដុះបណ្ដាលផ្ដល់ចំណេះដឹង ប៉ុន្តែភាពជោគជ័យនៅពេលអនាគត គឺអាស្រ័យលើការខិតខំប្រឹងប្រែង និងការចាប់យកឱកាសរបស់សិក្ខាកាមផ្ទាល់។
សម្តេចធិបតីបញ្ជាក់ថារាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការគាំទ្រវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដោយបានដាក់ជាគោលនយោបាយអាទិភាព។ (TVET) នឹងផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន សិស្ស និស្សិត និងសាធារណជន ឱ្យមានសមត្ថភាពជំនាញពិតប្រាកដ ក្លាយជាធនធានមានសក្តានុពលបំផុតសម្រាប់តម្រូវការទីផ្សារការងារឧស្សាហកម្ម ចូលរួមចំណែកក្នុងការកែប្រែជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ភាពគ្មានការងារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។