
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10629 នាក់
ម្សិលមិញ 8930 នាក់
សរុប 19707883 នាក់
ខេត្តកំពង់ស្ពឺ៖ បណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា តំបន់អភិវឌ្ឍន៍គម្រោងលម្ហែបៃតងនៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារនិងទេទឹកពុះ នឹងត្រូវគ្រប់គ្រងដោយសហគមន៍មូលដ្ឋានផ្ទាល់ មិនអនុញ្ញាតឱ្យអង្គការ ដៃគូអភិវឌ្ឍន៍ ឬស្ថាប័នណាមួយចូលរួមការគ្រប់គ្រងជំនួសឡើយ។
ការបញ្ជាក់របស់ឯកឧត្តមធ្វើឡើង បន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះពិនិត្យដោយផ្ទាល់នូវការអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារនិងទេទឹកពុះកាលពីថ្ងៃអាទិត្យទី៣១ឧសភា ដើម្បីវាយតម្លៃលទ្ធផលជាក់ស្តែង និងធានាថា គោលការណ៍ឬអនុសាសន៍ដែលលោកបានដាក់ចេញនោះបានអនុវត្តដល់គោលដៅនៅមូលដ្ឋាន។
តាមលោករដ្ឋមន្ត្រីក្រសួងបរិស្ថានឲ្យដឹងថា គោលការណ៍អភិវឌ្ឍន៍ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតគឺ ផ្តោតលើការពង្រឹងសិទ្ធិ និងតួនាទីរបស់ប្រជាសហគមន៍ ដើម្បីឱ្យក្លាយជាម្ចាស់ពិតប្រាកដនៃសហគមន៍របស់ខ្លួន មានសិទ្ធិពេញលេញក្នុងការដឹកនាំ គ្រប់គ្រង ថែរក្សា និងប្រើប្រាស់ធនធានធម្មជាតិក្នុងមូលដ្ឋានដោយខ្លួនឯង។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍរបស់សម្ដេចធិបតី គឺពង្រឹងប្រជាសហគមន៍ កែប្រែប្រជាសហគមន៍ ទៅជាម្ចាស់ដឹកនាំ គ្រប់គ្រង និងថែរក្សាសហគមន៍របស់ពួកគាត់ដោយខ្លួនគាត់។ គឺមិនឱ្យក្រសួង អាជ្ញាធរដែនដី ក្រុមហ៊ុន ឬអង្គការទៅគ្រប់គ្រងទេ»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីសម្ពោធអគារនិងប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡានាព្រឹកថ្ងៃទី២មិថុនាថា រដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍតំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារនិងតំបន់ទេទឹកពុះ ដោយផ្តោតលើរូបមន្តអភិវឌ្ឍន៍ដែលដឹកនាំដោយសហគមន៍ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋ ព្រមទាំងធានាការអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។
សម្តេចធិបតី បានបញ្ជាក់ថា ការចុះពិនិត្យដោយផ្ទាល់នៅតំបន់ខ្នងផ្សារនិងទេទឹកពុះ ដើម្បីវាយតម្លៃវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ជាក់ស្តែង ពោលគឺមិនពឹងផ្អែកតែលើរបាយការណ៍របស់មន្ត្រីនោះទេ។ សម្តេចធិបតីបានអះអាងថា ការតាមដានផ្ទាល់នេះមានគោលបំណងធានាថា អនុសាសន៍និងគោលនយោបាយដែលលោកដាក់ចេញ បានអនុវត្តដល់គោលដៅនៅមូលដ្ឋាន។ សម្តេចធិបតីបានកោតសរសើរដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានសហការគ្នាអភិវឌ្ឍតំបន់នេះ ដោយចាត់ទុកថាវឌ្ឍនភាពដែលបានសម្រេចលទ្ធផលល្អប្រសើរ និងសមស្របនឹងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់ប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងទេសចរចូលរួមថែរក្សាបរិស្ថាន ពេលធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ ដោយមិនត្រូវបោះចោលសំរាម ប្លាស្ទិក ឬសំណល់ផ្សេងៗផ្ដេសផ្ដាស ដើម្បីរក្សាសោភណភាពធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរបន្ថែម។ សម្តេចធិបតី បានរំលឹកពីបទពិសោធចុះទៅតំបន់ខ្នងផ្សារកាលពីឆ្នាំ២០២៥ និងការចុះពិនិត្យជាបន្តបន្ទាប់ ដោយអះអាងថា ការអភិវឌ្ឍត្រូវផ្តោតលើការផ្តល់អំណាចដល់សហគមន៍មូលដ្ឋានក្លាយជាម្ចាស់ពិតប្រាកដនៅតំបន់របស់ខ្លួន។ សម្តេចធិបតីបានបន្ថែមថា រូបមន្តនេះបានជួយប្រជាពលរដ្ឋប្តូរពីការពឹងផ្អែកលើការកាប់ឈើនិងធនធានព្រៃឈើមកជាការបង្កើតចំណូលពីវិស័យទេសចរណ៍ ដូចជាការលក់ដូរ និងសេវាបដិសណ្ឋារកិច្ចជាដើម។
សម្តេចធិបតី បានណែនាំដល់ក្រសួងជំនាញនិងអាជ្ញាធរពាក់ព័ន្ធបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ កន្លែងសម្រាក កន្លែងងូតទឹក និងតំបន់សេវាកម្មសហគមន៍ ដើម្បីបង្កើនភាពទាក់ទាញទេសចរណ៍។
សម្តេចធិបតី៖ «យើងបានដកអាជ្ញាប័ណ្ណវិនិយោគឯកជនគម្រោងតូចៗនៅទីនោះ ព្រោះប្រជាសហគមន៍គាត់បារម្ភ គាត់ខ្លាចការវិនិយោគមិនស្រួលប៉ះដល់អាជីពរបស់គាត់។ អ៊ីចឹងយើងកែសម្រួលការវិនិយោគឯកជន ដោយផ្ដល់ទីតាំងណាដែលជួយគាំទ្រគ្នាទៅវិញទៅមក»។ សម្តេចធិបតីបានបន្ថែមថា ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិមិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងការការពារព្រៃឈើ និងធនធានធម្មជាតិ ដោយសារប្រជាពលរដ្ឋមានជម្រើសអាជីពថ្មី និងកាត់បន្ថយសកម្មភាពប៉ះពាល់ដល់បរិស្ថាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍតំបន់ខ្នងផ្សារនិងទេទឹកពុះ គឺជាគំរូសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដែលភ្ជាប់ជាមួយការអភិរក្សធម្មជាតិ ដោយរដ្ឋាភិបាលនឹងបន្តអនុវត្តគម្រោងស្រដៀងគ្នានៅតំបន់សក្តានុពលផ្សេងៗទៀតនៅទូទាំងប្រទេស។ ភ្នំខ្នងផ្សារជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយដែលមានទីតាំងនៅភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ វាជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់ទេសចរដែលចូលចិត្តដើរកម្សាន្តតាមព្រៃភ្នំនិងតំបន់ធម្មជាតិដ៏ស្រស់ត្រកាល។ ចំណែកទេទឹកពុះ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏កម្រមួយ ដែលមានបាតុភូតធម្មជាតិចម្លែក ដោយទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់៧០អង្សារសេ និងជាតំបន់ពោរពេញដោយស្មៅខ្ពស់ៗដ៏ស្រស់ស្អាត៕