
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 45 នាក់
ម្សិលមិញ 7143 នាក់
សរុប 19259998 នាក់
ខេត្តតាកែវ៖ ករណីកាប់បំផ្លាញដើមអាកាស្យ៉ាជាច្រើនម៉ឺនដើម នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រភ្នំជីសូរ្យ ក្នុងស្រុកសំរោង កំពុងក្លាយជាប្រធានបទក្តៅគគុក ដោតសារមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានអះអាងថា «មិនបានដឹងរឿង» ។
ប្រតិកម្មនេះកើតឡើងបន្ទាប់ពីលោកបណ្ឌិត ម៉ុង រិទ្ធី បានបង្ហោះសារកាលពីពេលថ្មីៗនេះក្នុងហ្វេសប៊ុកបង្ហាញពីការសោកស្តាយក្រោយពីលោកចុះទៅពិនិត្យឃើញថា ដើមអាកាស្យ៉ាប្រមាណ ៦០,០០០ ដើម ដែលលោកបានដាំតាំងពីឆ្នាំ ១៩៩៥-១៩៩៦ ដើម្បីលម្អតំបន់ភ្នំជីសូរ្យនោះ ត្រូវបានគេកាប់បំផ្លាញអស់នៅសល់តែគល់។ លោកបណ្ឌិតបានចោទសួរជាចំហថា តើឈើទាំងនោះត្រូវបានដុតចោល ឬលក់ចេញ? ហើយតើថវិកាដែលបានមកពីការលក់ឈើទាំងនោះ យកទៅណា?
ការឆ្លើយតបពីមន្ត្រីជំនាញ និងអាជ្ញាធរ
ជុំវិញករណីនេះ លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានបញ្ជាក់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះថា លោកពិតជាមិនបានដឹងអំពីសកម្មភាពកាប់ឈើនោះទេ ហើយមន្ទីរក៏មិនទទួលបានឯកសារច្បាប់ ឬអាជ្ញាប័ណ្ណវិនិយោគណាមួយពាក់ព័ន្ធនឹងតំបន់នោះដែរ។ លោកបានត្រឹមតែចុះពិនិត្យតាមក្រោយ និងណែនាំឱ្យសួរព័ត៌មានបន្ថែមពីអ្នកនាំពាក្យសាលាខេត្តប៉ុណ្ណោះ។
ដោយឡែក លោក លី សាវ៉េត អ្នកនាំពាក្យសាលាខេត្តតាកែវ មិនអាចទាក់ទងសុំការបំភ្លឺបានឡើយ។ ចំណែកលោក កៅ វគ្កសែល អភិបាលស្រុកសំរោង បានបង្ហើបថា លោកបានបញ្ជាឱ្យមេឃុំរវៀង និងមេឃុំស្លា ចុះស្រាវជ្រាវធ្វើរបាយការណ៍ជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់លោកបណ្ឌិត ម៉ុង រិទ្ធី។
តាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានដាក់ការសង្ស័យថា សកម្មភាពកាប់ឈើនេះអាចមានការពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ជា បូរិទ្ធ និងលោក ជឹម សុវណ្ណរិទ្ធ សមាជិកក្រុមប្រឹក្សាឃុំរវៀង។ ទោះជាយ៉ាងណា លោក ជឹម សុវណ្ណរិទ្ធ បានបដិសេធថា លោកគ្រាន់តែចុះត្រួតពិនិត្យការងារ និងអះអាងថាមានច្បាប់អនុញ្ញាត ប៉ុន្តែលោកមិនអាចបង្ហាញឯកសារផ្លូវការណាមួយដល់សារព័ត៌មានបានឡើយ។
មហាជនកំពុងរង់ចាំមើលថា តើអាជ្ញាធរខេត្តតាកែវនឹងមានចំណាត់ការបែបណា ចំពោះការបាត់បង់ធនធានធម្មជាតិនៅតំបន់ទេសចរណ៍ដ៏សំខាន់មួយនេះ។ លោកបណ្ឌិត ម៉ុង រិទ្ធី បានសង្កត់ធ្ងន់ថា លោកមិនជំទាស់នឹងការអភិវឌ្ឍន៍នោះទេ ប៉ុន្តែការអភិវឌ្ឍន៍ណាក៏ដោយ ត្រូវតែមានតម្លាភាព និងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានត្រឹមត្រូវបំផុត៕