
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 29866 នាក់
ម្សិលមិញ 11636 នាក់
សរុប 20597285 នាក់
ភ្នំពេញ៖រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ដល់១៦មេសា អំឡុងពេលចូលឆ្នាំខ្មែរ មានផ្ទះពលរដ្ឋ៨៦៤ខ្នង ត្រូវបានរងការខូចខាត ដោយសារភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន ឱ្យដឹងថា អំឡុងពេលចូលឆ្នាំខ្មែរ មានផ្ទះពលរដ្ឋ សាលារៀន រួមទាំងវត្ត រងការខូចខាតដោយសារខ្យល់កន្ត្រាក់ មាននៅខេត្តព្រះវិហារចំនួន៣៦៧ខ្នង ។ ក្នុងពេលដូចគ្នា ផ្ទះពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ក៏ខូចខាតអស់៤៤១ខ្នងដែរ។ ក្រៅពីនេះ មាននៅខេត្តសៀមរាប ៩ខ្នង, បាត់ដំបង៧ខ្នង និងប៉ៃលិន៤០ខ្នង។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖ «ក្នុងចំណោមផ្ទះខូចខាតដោយសារខ្យល់កន្ត្រាក់ខាងលើ មាន៩ខ្នង ខូចខាតធ្ងន់ធ្ងរ និងប្រមាណ៣៦០ខ្នងខូចខាតមធ្យម ហើយក្រៅពីនេះ គឺខូចខាតតិចតួច»។ លោក សុទ្ធ គឹមកុលមុនី អះអាងថា បន្ទាប់ពីមានគ្រោះធម្មជាតិបំផ្លាញផ្ទះពលរដ្ឋកើតឡើង អាជ្ញាធរតាមមូលដ្ឋាន បានចុះទៅជួយពិនិត្យ ជួយរៀបចំ និងព្រមទាំងបានពាំនាំអំណោយដល់ពលរដ្ឋផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨មេសានេះ នៅខេត្តពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្ដាល ភ្នំពេញ អាចនឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥ភាគរយ៕