បេ​ក្ខ​នារី​បរ​វ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៧​វត្ត​មាននៅ​ប្រាសាទ​សម្បូ​ណ៍​ព្រៃ​គុក​!

a-fresh-sombo1

​កំពង់ធំ​៖ ក្រោយពី​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៧ រួចមក នា​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក បានធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ស្គាល់​ជាថ្មី​ម្ដងទៀត តាមរយៈ​វត្តមាន​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៦ និង​ក្រុម​បេ​ក្ខ​នារី​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៧ ចំនួន​៦៥​ប្រទេស (​រួមទាំង​កម្ពុជា​) នេះ ក្រោម​

ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​រដ្ឋបាល​ខេត្តកំពង់ធំ ដឹកនាំ​ដោយ​លោក​អភិបាលខេត្ត សុខ លូ ។​

​សូមជម្រាបថា តំបន់​ប្រាសាទសំបូរព្រៃគុក មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ចម្ងាយ​ប្រមាណ ២៨​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ តាមផ្លូវ​ជាតិ​លេខ​៦៤ បត់​ស្តាំ​តាមផ្លូវ​កូន​ត្នោត​។ តំបន់​ប្រាសាទ​នេះ ជា​រាជធានី​ខ្មែរ​បុរាណ​នា​សម័យ​ចេនឡា មាន​ឈ្មោះថា «​ឥសាន​បុ​រៈ​» និង​ជា​មជ្ឈមណ្ឌល​សាសនា​ដ៏​ធំ កសាងឡើង​ក្នុង​វ​ជ្ជ​កាល​ព្រះបាទ​ឥសាន​វរ្ម័នទី​១ អំឡុង​សតវត្ស​ទី​៧ ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ​។​

​ក្រុម​ប្រាសាទ​នេះ​សាងសង់ឡើង​អំពី​ឥដ្ឋតាន់ ថ្មបាយក្រៀម និង​ថ្មភក់ មាន​រូបចម្លាក់​ដ៏​ច្រើន​សម្បូរបែប ដែល​ត្រូវបាន​រចនា​លម្អ​លើ​ជញ្ជាំង​ប្រាសាទ កំពែង​ប្រាសាទ និង​មាន​រូបចម្លាក់​ព្រះ​សិវៈ និង​ព្រះ​មហេសី​របស់​ព្រះអង្គ តម្កល់​ក្នុង​ប្រាសាទ​មួយចំនួន​ផងដែរ​។​

តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា នៅ​តំបន់​នោះ​មាន​ប្រាសាទ​តូចធំ​ប្រមាណ ២៩៣​ប្រាង្គ ដែល​ចែកចេញជា​៣​ក្រុម​ធំៗ រួមមាន​៖ ក្រុម​ប្រាសាទ​សំបូរ ក្រុម​ប្រាសាទតោ និង​ក្រុម​ប្រាសាទ​យាយ​ព័ន្ធ​។ តំបន់​ប្រាសាទ​ក្នុង​រាជធានី មាន​បណ្ដោយ ៦​គីឡូម៉ែត្រ និង​ទទឹង ៤​គីឡូម៉ែត្រ ព្រមទាំង​តំបន់​ជុំវិញ​ទៀត ពោល​មាន​វិសាលភាព​ធំធេង​ណាស់​។​

​ស្ថាបត្យកម្ម​នៃ​ប្រាង្គ​ប្រាសាទសំបូរព្រៃគុក មាន​ទម្រង់​៣​ប្រភេទ រួមមាន​៖ រាង​ការេ (​បួន​ជ្រុង​ស្មើ​) រាង​ចតុកោណ (​បួន​ជ្រុង​ទ្រវែង​) និង​អដ្ឋ​កោណ (​ប្រាំបី​ជ្រុង​ស្មើ​) ដោយ​តួ​ប្រាង្គ​ប្រាសាទ​មួយចំនួន​មាន​ឆ្លាក់​រូប​ប្រាសាទ​និម្មិត រំលិច​ក្បូរ​ក្បាច់រចនា​លម្អ​លើ​ជញ្ជាំង​ប្រាសាទ និង​ផ្នែក​ផ្សេងៗ​សម្រាប់​បូជា​ចំពោះ​អាទិទេព​នៃ​ហិណ្ឌូ​និយម​៕

a-fresh-sombo1a-fresh-sombo