អង្គការ​ណា​សា​បង្ហាញ​របាយការណ៍​ថា​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​កំពុងតែ​ហិនហោច​

forest-loss_nasa-report

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អង្គការ​ណា​សា ចេញផ្សាយ​កាលពី​ថ្ងៃទី​១០ ខែមករា បង្ហាញថា ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​ការកាប់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះហើយ​កម្ពុជា ជា​ប្រទេស​

ឈានមុខ​គេ​ខាង​ការកាប់បំផ្លាញ​ព្រៃឈើ​ធម្មជាតិ និង​ព្រៃ​ស្ថិតក្នុង​តំបន់​ការពារ​ផង ដោយសារ​ការទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន ដើម្បី​យក​ដី​ដាំ​ដំណាំ​កៅស៊ូ និង​ការកាប់​ឈើ​ខុសច្បាប់ របស់​ក្រុមហ៊ុន​និង​មនុស្ស​មួយចំនួន ។​
​តាម​របាយការណ៍​ខាងលើ ក្រុម​អ្នកវិទ្យាសាស្ដ្រ និង​អ្នកស្រាវជ្រាវ រកឃើញថា នៅ​ចន្លោះ​ឆ្នាំ​២០០១ និង​២០១៤ អត្រា​បាត់បង់​ព្រៃឈើ​ប្រចាំឆ្នាំ​នៅ​កម្ពុជា​កើនឡើង ១៤,៤​ភាគរយ ស្មើនឹង​ផ្ទៃដី​សរុប​១,៤៤​លាន​ហិកតា ឬ ៥ ៥៦០​គីឡូម៉ែត្រ​ការ៉េ ដោយ​ភាគច្រើន​ស្ថិតក្នុង​ខេត្តកំពង់ធំ និង​កំពង់ចាម ខណៈ​ការកាប់​ឈើ​នៅ​ប្រទេស​សេ​រ៉ា​ឡេ​អូន មានតែ​១២,៦​ភាគរយ​, ម៉ា​ដា​ហ្គា​ស្កា (៨,៣​ភាគរយ​), អ៊ុយ​រុយ​ហ្គា​យ (៨,១​ភាគរយ​) និង ប៉ា​រ៉ា​ហ្គា​យ (៧,៧​ភាគរយ​) ។​
​យ៉ាងណាក៏ដោយ ក្រុម​អ្នកស្រាវជ្រាវ បញ្ជាក់ថា ការ​ហក់​ឡើង​កប់​ពពក​នៃ​តម្លៃ​កៅស៊ូ និង​បរិ​មាណនៃ​កិច្ចព្រមព្រៀង​ផ្ដល់​ដី​សម្បទាន​ដី​សេដ្ឋកិច្ច បាន​ជម្រុញ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងគំហុក​នៅ​កម្ពុជា បែបនេះ ហើយ​លំបាក​ក្នុងការ​បង្ក្រាប ។ អ្នកស្រាវជ្រាវ​បញ្ជាក់ថា ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ស្ថិតនៅ​ចន្លោះ​ពី​២៩ ទៅ ១០៥​ភាគរយ ដោយសារ​រដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​ជួល​ដី​ទាំងនោះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​វិនិយោគ​បរទេស សម្រាប់​វិស័យ​កសិកម្ម ការកាប់​យក​ឈើ​លក់ និង​មូលហេតុ​ផ្សេងទៀត​។​
​សូមជម្រាបថា ការរកឃើញ​នៅក្នុង​របាយការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ដ្រ​មកពី​សកល​វិទ្យាល័យ​ម៉ា​រី​ឡែ​ន សហរដ្ឋអាមេរិក និង​អ្នកតាមដាន​ព្រៃឈើ​លើ​សកលលោក តាមរយៈ​ការប្រើប្រាស់​ទិន្នន័យ​លើ​ផ្ទៃដី​បានមកពី​ប្រព័ន្ធ​ផ្កាយរណប ដើម្បី​ពិនិត្យមើល​ការបាត់បង់​ព្រៃឈើ​នៅលើ​ផែនដី ។​
​ទោះបីជា​យ៉ាងណា រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ក្នុង​ការដាំដុះ​ព្រៃឈើ​ឡើងវិញ រួមទាំង​ដំណាំ​កៅស៊ូ​ផងដែរ ទន្ទឹមនឹង​ការចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់ បើទោះជា​វិធានការ​នោះ មិន​ទទួលបាន​ជោគជ័យ​១០០% ក៏ដោយចុះ ៕

forest-loss_nasa-report