លោក​អេង​ឆៃអ៊ាង​៖​ចម្លើយ​លោក​ម៉ម​ប៊ុនហេង​គ្មាន​ការទទួលខុសត្រូវ​!

mom-bun-heng-pa

​ភ្នំពេញ​៖​លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ដល់​បណ្តាញឃោសនា​អំពី​ការសោកស្តាយ​ចំពោះ​ចម្លើយ​របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ចំពោះមុខ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៦​នេះ ដោយបាន​ចាត់ទុកថា ជា​ចម្លើយ​ដែល​មិន​បង្ហាញ​ពី​ការទទួលខុសត្រូវ​ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​។


​ប្រតិកម្ម​របស់លោក​អេង​ឆៃអ៊ាង​បាន​ថ្វើ​ក្រោយពី​លោក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​លោក ម៉ម ប៊ុនហេង និង​សហការី បាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​រដ្ឋសភា ជុំវិញ​ភាពមិនប្រក្រតី​នៅក្នុង​ក្រសួងសុខាភិបាល​នៅក្នុង​អាណត្តិ​ទី​៥​នេះ​។  លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​និង​ជា​តំណាងរាស្ត្រ​គណបក្សប្រឆាំង បានចាត់ទុក​ចម្លើយរ​បស់​លោក​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នេះ​ថា ជា​ចម្លើយ​ដែល​មិន​បង្ហាញ​ពី​ការទទួលខុសត្រូវ ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​ទាល់តែសោះ​។​
 
​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ​២០១៦ ដោយមាន​ការឯកភាព​ពី​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​បានដាក់​សំនួរ​ចមពោះ​លោក​ម៉ម​ប៊ុនហេង លើ​បញ្ហាសំខាន់ៗ​ចំនួន​៣ ក្នុងនោះ​រួមមាន ការបាត់​ប្រាក់​ជំនួយ​របស់​មូលនិធិ​សាកល​ក្នុង​ការទិញ​មុង​ការពារ​ជម្ងឺគ្រុនចាញ់​, ការលក់ ឬ ការដោះដូរ​មន្ទីរពេទ្យ​និង​មន្ទីរពេទ្យបង្អែក​ចំការមន​ក្នុង​ទីក្រុង​ភ្នំពេញ និង​បញ្ហា​មិន​ប្រក្រតី​រឿង​ដេញថ្លៃ​ទិញ​ថ្នាំពេទ្យ​ជាដើម​។​

​លោក អេង ឆៃអ៊ាង បានស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​បង្ហាញ​ពី​របាយការណ៍​ទាំងនោះ នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង ដើម្បី​បង្ហាញ​ពី​តម្លាភាព ដូច​អ្វីដែល​លោក​រដ្ឋមន្ត្រី បាន​អះអាង​ជាប់មាត់​នៅក្នុង​រដ្ឋសភា​នៅថ្ងៃនេះ​ថា ការអនុវត្ត​គ្រប់យ៉ាង​របស់​ក្រសួង គឺ​អនុលោម​ទៅតាម​គោលការណ៍ និង​នីតិវិធី​របស់​រដ្ឋ​និង​គណៈកម្មការ​អន្តរក្រសួង​ទាំងអស់​។

​ក្រោយពី​ទទួលបាន​ការចូល​បំភ្លឺលោក អេង ឆៃអ៊ាង បាន​អះអាងថា លោក​មិនអាច​ទទួលយក​បានទេ ចំពោះ​ការ​រុញ​បញ្ហា​បាត់ប្រាក់​ជំនួយ​ពី​មូលនិធិ​សកល​ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ហើយ​ថា មហាជន​រិត​តែ​មិនអាច​ទទួលយកបាន​ទៀត ចំពោះ​ការលក់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ប្រយុទ្ធប្រឆាំង​ជម្ងឺគ្រុនចាញ់ ដែលមាន​តម្លៃ​ខុសពី​តម្លៃ​ទីផ្សារ ដោយ​ក្នុង​១​ម៉ែត្រការ៉េ​តម្លៃ​៣០០០​ដុល្លា តែ​ក្រសួង​បាន​លក់​តែត្រឹម​១៥០០​ដុល្លា​ប៉ុណ្ណោះ​។ លើ​បញ្ហា​ទិញ​ថ្នាំពេទ្យ​វិញ លោក​អេង ឆៃអ៊ាង ក៏បាន​បញ្ជាក់ដែរថា មាន​ភាពមិនប្រក្រតី និង​ថ្លៃ​ជាង​តម្លៃ​ទីផ្សារ​ផងដែរ​។​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​និយាយ នៅពេល​ឆ្លើយបំភ្លឺ​ជូន​សភា​បាន​ផ្ទេរ​ទំនាស់​ជូន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ពេល គណបក្សប្រឆាំង​សួរ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ជំនួយ ក្នុង​ការទិញ​មុង​ការពារ​ជំងឺគ្រុនចាញ់​របស់​គម្រោង​មូលនិធិ​សាកល​។​
​លោក ម៉ម ប៊ុនហេង បាន​និយាយថា ចំពោះ​បញ្ហា​ការប្រើប្រាស់​ជំនួយ​ក្នុង​ការទិញ​មុង​ការពារ​ជំងឺគ្រុនចាញ់ របស់​គម្រោង​មូលនិធិ​សាកល​នេះ ក្រសួងសុខាភិបាល​ពុំមាន កាតព្វកិច្ច​ធ្វើការ​ដោះស្រាយ​នោះទេ នេះ​ជា​សមត្ថកិច្ច​ផ្តាច់មុខ​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បានធ្វើ​ការងារ​នេះ​ជាមួយ មូលនិធិ​សកល​ក្នុងការ​ស៊ើបអង្កេត​តាមដាន​ករណីនេះ​រយៈពេល​២​ឆ្នាំ​៖ «​មូលនិធិ​សាកល​បានទទួល​ស្គាល់ និង​ពេញចិត្ត​លើ​របាយការណ៍ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​មូលនិធិ​សាកល​បាន បន្ត​ផ្តល់ជំនួយ​ដល់​ក្រសួងសុខាភិបាល ជា​បន្តទៀត​រួចមកហើយ​។ ខ្ញុំ​ជឿថា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏មាន​ភារកិច្ច​ឆ្លើយបំភ្លឺ​ករណីនេះ​ឱ្យ​រដ្ឋសភា​ដែរ​»​។​

 
​ឌឺ​ច​ពោះ​ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង លោក ម៉ម ប៊ុនហេង បាន​ជម្រុញ​ឲ្យ​មានការ​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អមពើពុករលួយ (ACU) បើ​មានការ​រកឃើញថា មាន​ភាពមិនប្រក្រតី​លើ​ការដោះដូរ ឃុបឃិត​ឬ​ប្រព្រឹត្ត​អំពើពុករលួយ​នេះ​។​គេ​មិនដឹងថា​តើ​លោក​អេង​ឆៃ​ង​អ៊ាង​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​នឹង​បន្ត​នីតិវិធី​យ៉ាងណា​ទៀត​ចំពោះ​លោក​ម៉ម​ប៊ុនហេង​នោះឡើយ​៕

mom-bun-heng-pamom-bun-paeng-chhay-eang1