គុក​ខេត្តកំពង់ធំ​កន្លែង​ពុករលួយ​រំលោភ​និង​ប្រើ​ហឹ​ង្សា​!

pri-thom1

​កំពង់ធំ​៖​គុក​ខេត្តកំពង់ធំ ត្រូវបាន​គេ​រាយ​ករ​ណ៍​ថា​មានការ​ប្រព្រឹត្ត​បទល្មើស​រំលោភ​ផ្លូវភេទ​ការ ប្រើប្រាស់​អំពើហិង្សា​លើ​អ្នកទោស និង​ប្រព្រឹត្ត​អំពើពុករលួយ​ជាដើម ។ អតីត​អ្នក​ជាប់ពន្ធនាគារ​នៅ​ខេត្តកំពង់ធំ ស្នើឱ្យ​រាជរដ្ឋាភិបាល ពិសេស​មន្ត្រី​ពាក់ព័ន្ធ​គប្បី​ត្រួតពិនិត្យ​ពន្ធនាគារ​ខេត្ត​នេះ​ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​ធ្វើឱ្យ​អ្នក​ជាប់ឃុំ​ត្រូវ​រស់នៅក្នុង​ស្ថានភាព​វេទនា​

បន្តទៀត​។​ជន​ដែល​រង​ការ​ចោទ​ពី​ទង្វើ​ខាងលើ​គឺ​អនុប្រធាន​ការិយាល័យ​ពន្ធនាគារ​ខេត្តកំពង់ធំ លោក ភិន សំអុល​។​
​អតីត​អ្នក​ជាប់ឃុំ​ពន្ធនាគារ​ខេត្តកំពង់ធំ ស្នើ​មិន​បញ្ចេញ​អត្តសញ្ញាណ​ម្នាក់ រៀបរាប់​ប្រាប់​កាសែត​ថា​៖ មាន​អ្នក​ជាប់ឃុំ​បុរស​ជាច្រើន​នាក់​ត្រូវ​អនុប្រធាន​ពន្ធនាគារ​រំលោភ និង​មាន​ជាច្រើន​នាក់​ទៀត​ត្រូវបាន​គេ​ប្រើ​អំពើហិង្សា រហូត​ធ្វើឱ្យមាន​អ្នក​ជាប់ឃុំ​ខ្លះ​បាត់បង់​សតិ ឬ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទៀតផង​។

ក្រៅពីនេះ មាន​ករណី​ប្រព្រឹត្ត​អំពើពុករលួយ ដូចជា​យកប្រាក់​ពី​អ្នក​ជាប់ឃុំ​ជា​ថ្នូរ​បាន​ចេញមកក្រៅ​បន្ទប់ ឬ​ចេញ​ធ្វើការ​ងារ​នៅ​ខាងក្រៅ ឬក៏​ត្រូវ​ប្តូរ​ចេញទៅ​ពន្ធនាគារ​ផ្សេង​។ ជាងនេះទៀត ម្ហូបចំណី​ដែល​លក់​នៅក្នុង​ពន្ធនាគារ​ខេត្តកំពង់ធំ គឺ​លោក ភិន សំអុល ជា​អ្នកលក់​ផ្ទាល់ ដោយ​លក់​ក្នុងតម្លៃ​មួយ​ខ្ពស់ ហើយ​តែងតែ​មិន​ពេញចិត្ត​ប្រសិនបើ​ក្រុមគ្រួសារ​អ្នក​ជាប់ឃុំ​ទិញ​ទំនិញ ឬ​អាហារ​ពី​ខាងក្រៅ​ចូលទៅ​។​

​ជាក់ស្ដែង​ស្ពៃចង្កឹះ​មួយ​គីឡូក្រាម​តម្លៃ ១២.០០០​រៀល ស្ពៃក្ដោប ៨.០០០​រៀល ក្រូចឆ្មា ១៦.០០០​រៀល ត្រី​រៀល តម្លៃ ២៥.០០០​រៀល ក្នុង​មួយ​គីឡូក្រាម និង​សាច់ជ្រូក​មួយ​គីឡូក្រាម ២៥.០០០​រៀល​ជាដើម​៖ «​ពិត​ជាមាន​ផលប៉ះពាល់​ខ្លះ​ណាស់​បាទ​! ទីមួយ​ប៉ះពាល់​ផ្នែក​សតិអារម្មណ៍ ធ្វើឱ្យ​ពួកគាត់​ទទួល​អារម្មណ៍​ថា ពួកគាត់​រស់​ក្រោម​ថ្នាក់​នរក​ទៅទៀត​»​។​
​ប្រភព​ដដែល​និយាយថា បញ្ហា​នេះ មិនមែន​ទើបតែ​កើតមានឡើង​ទេ រហូត​មាន​អ្នក​ជាប់ឃុំ​ខ្លះ​សម្រេច​បញ្ជូន​លិខិតសម្ងាត់​ប្ដឹង​អនុប្រធាន​ពន្ធនាគារ​រូបនោះ​ទៀតផង កាលពី​ឆ្នាំ​២០១៥ ប៉ុន្តែ​មិនអាច​ធ្វើ​អ្វី​គេ​បានឡើយ​។ ចុងក្រោយ អ្នក​ជាប់ឃុំ​ដែល​បាន​ទម្លាយ​រឿងអាស្រូវ​ផ្លូវភេទ និង​ការប្រើ​ហិង្សា​របស់លោក ភិន សំអុល ត្រូវបាន​គេ​ផ្លាស់ប្ដូរ​ចេញទៅ​ពន្ធនាគារ​ផ្សេង​វិញ​។​

​ឆ្លើយតប​ការចោទប្រកាន់​នេះ អនុប្រធាន​ការិយាល័យ​ពន្ធនាគារ​ខេត្តកំពង់ធំ លោក ភិន សំអុល មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ថា ការចោទប្រកាន់​ទាំងឡាយ គឺ​មិន​ពិត​ទេ ប៉ុន្តែ​លោក​យល់ថា គឺជា​ការ​បង្ខូច​កិត្តិយស​របស់លោក​ច្រើនជាង​។ យ៉ាងនេះ​ក្តី លោក​ទទួលស្គាល់ថា មាន​ការប្រើ​អំពើហិង្សា​លើ​រាងកាយ​អ្នកទោស ឬ​ដោយ​ពាក្យសម្ដី​ខ្លះ​មែន ប៉ុន្តែ​ក្នុង​រូបភាព​អប់រំ​ពួកគេ​តែប៉ុណ្ណោះ​។ ក្រៅពីនេះ លោក​បាន​លក់ដូរ​ទំនិញ ឬ​ចំណីអាហារ​នៅក្នុង​ពន្ធនាគារ​ប្រមាណ ៥​ខែ​មកហើយ​។ ចំណែក​តម្លៃ​គឺអាច​លើសពី​ទីផ្សារ​បន្តិចបន្តួច និង​មិនបាន​បង្ខំ​អ្នកទោស ឬ​អ្នក​ជាប់ឃុំ​ឱ្យ​ទិញ​របស់លោក​ទាំងស្រុង​នោះទេ​។​

ករណីនេះ​លោក នុត សវ​នា អ្នកនាំពាក្យ​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​បាន​និយាយ ថាៈ លោក​មានការ​សោកស្ដាយ​នៅពេល​មានការ​ចោទប្រកាន់​បែបនេះ ប៉ុន្តែ​លោក​លើកទឹកចិត្ត​ឱ្យ​សាមីខ្លួន​ដាក់ពាក្យ​បណ្ដឹង​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ តែម្ដង ដើម្បី​ងាយស្រួល​ស៊ើបអង្កេត​ជៀសវាង​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​នោះ​។ «​យើង​អត់​ទាន់​នេះ​ទេ បើ​ថា អត់​ទាន់​មាន​ពាក្យបណ្ដឹង​ផ្លូវការ គ្រាន់តែ​ជាការ​ចោទប្រកាន់​តាម​មា​ត់​តាម​អីហ្នឹង ពិបាក​ដែរ​ណា​!»​។​

​ចំណែក​លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) មានមតិ ថា បញ្ហា​នេះ​កន្លងមក​អ្នកទោស​តែងតែ​លើកឡើង​ជារឿយៗ ហើយក៏​មិនមែន​ចំពោះតែ​ពន្ធនាគារ​ខេត្តកំពង់ធំ នោះដែរ​។ លោក​បញ្ជាក់ថា ដើម្បី​ជៀសវាង​ការចោទប្រកាន់​ណាមួយ មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ស៊ើបអង្កេត​ឱ្យបាន​ច្បាស់លាស់ និង​មាន​តម្លាភាព ពីព្រោះ​ករណីនេះ​គឺពាក់ព័ន្ធ​ការគ្រប់គ្រង​ពន្ធនាគារ​ទាំងមូល​៖ «​អំពើពុករលួយ​ដូចជា​ការផ្លាស់ប្ដូរ​បន្ទ​ប់ ការលក់ទំនិញ​នៅក្នុង​វា​ថ្លៃ ហួស​កម្រិត ហើយ​និង​ការ​ធ្វើទុក្ខបុកម្នេញ ជាពិសេស​អំពើហិង្សា​វា​មិនមែន​តែ​លើផ្លូវ​កាយ​ទេ ប៉ុន្តែ​សូម្បីតែ​ការប្រើប្រាស់​កាយវិការ និង​សម្ដី​អាក្រក់​ក៏​ជា​ហិង្សា​មួយ​ដែរ​»​។​សូមបញ្ជាក់​ដែរ​ដា​៖​ពន្ធនាគារ​ខេត្តកំពង់ធំ បច្ចុប្បន្ន​មាន​អ្នក​ជាប់ឃុំ​ចំនួន​ជិត ៦០០​នាក់ ក្នុងនោះ​ស្រី​ចំនួន​ជាង ៣០​នាក់​។​

pri-thom1pri-thom